នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ានលើកទី៤៧ តាមរយៈប្រព័ន្ធវីដេអូ ពីទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកានៃគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា និងសមាជិក-សមាជិកានៃលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ានលើកទី៤៧ បានប្រព្រឹត្តទៅដោយផ្អែកលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១. មតិស្វាគមន៍របស់ប្រធានសមាគមច្បាប់អាស៊ាន
២. មតិរបស់ប្រធាន និងប្រធានគណៈប្រតិភូនៃគណៈកម្មាធិការជាតិរបស់សមាគមច្បាប់អាស៊ាននៃប្រទេសជាសមាជិក
៣. ការអនុម័តកំណត់ហេតុនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់អាស៊ានលើកទី៤៦ និងការស្តាប់របាយការណ៍របស់អគ្គលេខាធិការសមាគមច្បាប់អាស៊ាន
៤. ការពិនិត្យ និងពិភាក្សាលើរបាយការណ៍ការងារឆ្នាំ២០២៦ និងផែនការការងារឆ្នាំ២០២៧ របស់វិទ្យាស្ថានច្បាប់អាស៊ាន ព្រមទាំងបច្ចុប្បន្នភាពនៃគេហទំព័ររបស់សមាគមច្បាប់អាស៊ាន និងវិទ្យាស្ថានច្បាប់អាស៊ាន
៥. ការពិនិត្យ និងពិភាក្សាលើរបាយការណ៍របស់ក្រុមការងារ Crossroads 2.0 ស្តីពីទិសដៅអនាគត និងការកែទម្រង់រចនាសម្ព័ន្ធការងាររបស់សមាគមច្បាប់អាស៊ាន
៦. ការស្តាប់របាយការណ៍ និងបច្ចុប្បន្នភាពស្តីពីទីផ្សារបណ្តុះបណ្តាលនិម្មិត ក្រុមការងារស្តីពីស្ត្រីក្នុងវិស័យច្បាប់ មូលនិធិសមាគមច្បាប់អាស៊ាន កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គលេខាធិការនិងការប្រកួតប្រជែងសវនាការប្រឌិតរបស់សមាគមច្បាប់អាស៊ាន។ ក្នុងឱកាសនេះផងដែរ លោកមេធាវី សាំង វណ្ណៈ បានថ្លែងមតិក្នុងនាមជាប្រធានគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តចូលរួមយ៉ាងសកម្មជាមួយសមាគមច្បាប់អាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ការផ្លាស់ប្តូរចំណេះដឹង និងការលើកកម្ពស់នីតិរដ្ឋក្នុងតំបន់អាស៊ាន។




EN