នាព្រឹក ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី អ៊ីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គ៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក៏ដូចជាសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលជំនាញជំនួយការមេធាវី វគ្គ៥ ទាំងអស់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវី។ នាឱកាសនោះ លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានជម្រាបជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូលអំពីកម្មវិធីសិក្សា ដែលសិក្ខាកាមត្រូវទទួលការបណ្តុះបណ្តាលនៅក្នុងវគ្គនេះ មានសរុបចំនួន ៦០ម៉ោង លើមុខវិជ្ជាពាក់ព័ន្ធចំនួន៤ គឺ ៖
១. វិធានវិជ្ជាជីវៈមេធាវី
២. រឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ
៣. ការធ្វើសេចក្តីព្រាងកិច្ចសន្យានិងលិខិតរដ្ឋបាល និង
៤. សំណេរស្រាវជ្រាវផ្នែកច្បាប់។
ឆ្លៀតក្នុងឱកាសនេះ លោកមេធាវី អ៊ីវ ប៉ូលី សមាជិកក្រុមប្រឹក្សាគណៈមេធាវី បានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវីនេះ បង្កើតឡើងក្នុងគោលដៅពង្រឹងសមត្ថភាពជំនួយការមេធាវី ដែលជាសេនាធិការយ៉ាងសំខាន់ក្នុងការប្រកបវិជ្ជាជីវៈមេធាវីរបស់បងប្អូនសហភាតា ស្របតាមគោលនយោបាយទី៤ គឺ «ពង្រឹង និងពង្រីកយន្តការបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពមេធាវីស្របតាមការអភិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា» ដែលជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំង ៩ ចំណុច ដែលលោកប្រធានបានដាក់ចេញសម្រាប់ការដឹកនាំគណៈមេធាវីក្នុងអាណត្តិទី១៥នេះ ស្របនឹងទិសស្លោក «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី» ។ បន្ថែមពីនេះ លោកមេធាវី អ៊ីវ ប៉ូលី ក៏បានផ្តល់ជាអនុសាសន៍ជូនដល់សិក្ខាកាមនៃវគ្គជំនាញជំនួយការមេធាវីទាំងអស់ ដូចជា៖
១. ត្រូវគោរពឱ្យបាននូវវិន័យទាំងវិន័យផ្ទាល់ខ្លួន និងវិន័យក្នុងការបំពេញការងារ
២. ត្រូវបង្កើនគុណភាពនៃចំណេះដឹងផ្ទាល់ខ្លួន តាមរយៈការខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ដោយចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ
៣. ត្រូវមានការច្នៃប្រឌិតក្នុងការបំពេញការងារ តាមឱ្យទាន់ការរីកចម្រើននៃសម័យបច្ចេកវិទ្យា
៤. ត្រូវមានគុណធម៌ក្នុងពេលបំពេញការងារ ហើយចំណុចទាំងនេះនឹងនាំឱ្យសិក្ខាកាមក្លាយខ្លួនជាធនធានមនុស្សដ៏មានគុណភាពនាពេលអនាគត។




EN