The Bar Association of the Kingdom of Cambodia

ព័ត៌មាន

បាឋកថាស្ដីពី «ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី»

បាឋកថាស្ដីពី «ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី»

ព័ត៌មាន
ចែករំលែក

នាព្រឹក ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំបាឋកថាស្ដីពី «ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី» ដែលមានការអញ្ជើញធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ កម្មវិធីនេះមានការអញ្ជើញចូលរួមរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ព្រមទាំងសិក្ខាកាមជាមេធាវី និងសិស្សមេធាវីចូលរួមប្រមាណ ១៥០នាក់។ ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោកប្រធាន បានលើកឡើងអំពីក្រមសីលធម៌វិជ្ជាជីវៈមេធាវី ដែលជាវិធានដ៏សំខាន់នៃវិជ្ជាជីវៈមេធាវី មានគោលបំណងពង្រឹងឯករាជ្យភាព និងសេរីភាពនៃការប្រកបវិជ្ជាជីវៈមេធាវី ព្រមទាំងធានាសេចក្ដីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី ហើយមេធាវីគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នៅក្នុងការបំពេញការងាររបស់ខ្លួន។ ជាក់ស្ដែងបាឋកថានាព្រឹកនេះ នឹងធ្វើឱ្យសហភាតា អាចស្វែងយល់ និងពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមេធាវី តាមរយៈការធ្វើបទឧទ្ទេសនាមពីសំណាក់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៩ និង១០ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦។ នៅក្នុងបទឧទ្ទេសនាមនៃបាឋកថានេះ ឯកឧត្តម ប៊ុន ហុន បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗចំនួន ១០ ដែលពាក់ព័ន្ធនឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមេធាវី៖

១. ក្រមសីលធម៌វិជ្ជាជីវៈមេធាវី គឺជាមូលដ្ឋានគ្រឹះនៃវិជ្ជាជីវៈមេធាវី ព្រោះវាការពារទាំងមេធាវី គណៈមេធាវី អតិថិជន យុត្តិធម៌សង្គម និងផលប្រយោជន៍សាធារណៈ។ ការគោរពក្រមសីលធម៌ មិនត្រឹមតែជាកាតព្វកិច្ចផ្លូវវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់ក្នុងការពង្រឹងនីតិរដ្ឋ ពង្រឹងការគោរពច្បាប់ និងធានាការផ្តល់យុត្តិធម៌ប្រកបដោយតម្លាភាព និងសមធម៌។

២. មេធាវីមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ក្នុងការការពារក្តី តំណាងកូនក្តី ប្រឹក្សាយោបល់ ឬផ្តល់យោបល់ផ្លូវច្បាប់ជូនអតិថិជន ដោយគិតកម្រៃ ហើយមេធាវីធ្វើសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន ដោយសេរី និងឯករាជ្យ ពោលគឺមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ឬការគម្រាមកំហែងណាមួយឡើយ។ បេសកកម្ម របស់មេធាវីគឺ ចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស។

៣. គោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈមេធាវី គឺសេរីភាពនិងឯករាជ្យភាពនៃវិជ្ជាជីវៈមេធាវី សុចរិតភាពនិងភាពស្មោះត្រង់នៃវិជ្ជាជីវៈមេធាវី និងការរក្សាការសម្ងាត់វិជ្ជាជីវៈ។

៤. ទំនាក់ទំនងរវាងមេធាវី និងអតិថិជន មេធាវី និងអតិថិជនបង្កើតទំនាក់ទំនងរវាងគ្នាតាមរយៈកិច្ចសន្យា ដែលអតិថិជនបង្ហាញឆន្ទៈចង់ឱ្យមេធាវីផ្តល់សេវាកម្មផ្នែកច្បាប់ឱ្យខ្លួន ហើយមេធាវីក៏បង្ហាញឆន្ទៈយល់ព្រម។ នៅក្នុងកិច្ចសន្យានេះ ត្រូវកំណត់អំពីកម្រៃសេវារបស់មេធាវី ហើយមេធាវីមិនត្រូវផ្តល់ការធានាចំពោះអតិថិជនទាក់ទងនឹងលទ្ធផលវិជ្ជមាននៃរឿងក្តីឡើយ។ នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន មេធាវីត្រូវស្ថិតនៅជាម្ចាស់នៃមធ្យោបាយការពារ ហើយមេធាវីមានសិទ្ធិទទួល ឬមិនទទួលបេសកកម្មជួយអតិថិជន ដោយចៀសវាងនូវទំនាស់ផលប្រយោជន៍។

៥. ចំពោះទំនាក់ទំនងជាមួយភាគីម្ខាងទៀត មេធាវីអាចទាក់ទងជាមួយភាគីម្ខាងទៀតដែលខ្លួនដឹងថាមានមេធាវីជួយ លុះត្រាតែការទាក់ទងនោះធ្វើនៅចំពោះមុខមេធាវីរបស់ភាគីម្ខាងទៀត ឬទាល់តែមានការយល់ព្រមពីមេធាវីនោះ ហើយមិនត្រូវធ្វើការគៀបសង្កត់ បង្ខិតបង្ខំ ឬបញ្ចុះបញ្ចូលឱ្យភាគីម្ខាងទៀតយល់ខុស ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួននោះទេ។

៦. នៅក្នុងទំនាក់ទំនងជាមួយសហភាតា មេធាវីត្រូវប្រព្រឹត្តដោយសេចក្តីថ្លៃថ្នូរ សម្បជញ្ញៈ សេចក្តីទៀងត្រង់ មនុស្សធម៌ ស្មារតីឯករាជ្យ ទេពកោសល្យ ប៉ិនប្រសប់ គួរសមជានិច្ច និងដោយគោរពវិធានវិជ្ជាជីវៈរបស់ខ្លួន ហើយមិនត្រូវធ្វើអ្វីដែលអាចនឹងនាំឱ្យមានការខូចខាតដល់សហភាតាខ្លួនឡើយ។

៧. នៅក្នុងទំនាក់ទំនងជាមួយតុលាការ មេធាវីត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវឯករាជ្យភាព និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈនៅចំពោះមុខតុលាការ ហើយមិនត្រូវប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយចៅក្រម ព្រះរាជអាជ្ញា មន្រ្តីរាជការ ឬបុគ្គលមានអំណាចផ្សេងទៀតមកពាក់ព័ន្ធនៅក្នុងនីតិវិធីតុលាការក្នុងការដោះស្រាយរឿងក្តីនោះទេ ព្រមទាំងមិនត្រូវប្រើជាដាច់ខាតនូវវិធីមិនស្មោះត្រង់ ហើយត្រូវគោរពវិធីតទល់គ្នា។

៨. មេធាវី ត្រូវតែចូលរួមឱ្យបានសកម្មជាមួយគណៈមេធាវី ក្នុងការតាមដានការអនុវត្ត និងចូលរួមអនុវត្តនូវបទប្បញ្ញត្តិនានារបស់គណៈមេធាវី ពិសេសវិធាននៃវិជ្ជាជីវៈមេធាវី។

៩. ការផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី ត្រូវតែធ្វើជាសមូហភាព និងត្រូវរក្សាសេចក្ដីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី ពោលគឺមិនអាចផ្សព្វផ្សាយអំពីសេវាកម្មនៃការិយាល័យមេធាវីរបស់ខ្លួន ក្នុងគោលបំណងទាក់ទាញអតិថិជនននោះទេ។

១០. នៅក្នុងក្របខណ្ឌនៃការប្រកបវិជ្ជាជីវៈ មេធាវីត្រូវរួចផុតពីការចោទប្រកាន់ក្នុងបទព្រហ្មទណ្ឌ និងការទទួលខុសត្រូវរដ្ឋប្បវេណី ចំពោះសេចក្តីថ្លែងការណ៍ ឬសារណា ទោះបីជាលាយលក្ខណ៍អក្សរក្តី ផ្ទាល់មាត់ក្តី ក្នុងគោលបំណងសុចរិត ដើម្បីការពារនៅចំពោះមុខតុលាការ ឬអាជ្ញាធរផ្សេងៗទៀត។ ក្រោយដំណើរការកម្មវិធីអស់ពេលមួយព្រឹក លោកប្រធាន បានអញ្ជើញថ្លែងនូវសុន្ទរកថាបិទកម្មវិធី ដោយបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប៊ុន ហុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមចែករំលែកចំណេះដឹង និងបទពិសោធដ៏មានសារសំខាន់ជូនសហភាតា។ លោកប្រធាន ជឿជាក់ថាសហភាតានឹងយកចំណេះដឹងដែលបានមកពីបាឋកថានេះ ទៅអនុវត្តក្នុងការប្រកបវិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវឯករាជ្យភាព ភាពស្មោះត្រង់ ការគោរពច្បាប់ រក្សាសេចក្ដីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី ព្រមទាំងរួមគ្នាជាមួយគណៈមេធាវីដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។