The Bar Association of the Kingdom of Cambodia
ព្រឹត្តិការណ៍
កាលបរិច្ឆេទចេញផ្សាយ:

ពិធីបិទ និងប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គទី៣

ចែករំលែក
ពិធីបិទ និងប្រគល់វិញ្ញាបនបត្រវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គទី៣

នាព្រឹកថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រជំនាញជំនួយការមេធាវីដល់សិក្ខាកាមវគ្គទី៣ ដែល ទទួលបានជ័យលាភីដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបញ្ចប់ដោយជោគជ័យចំនួន ៣០១នាក់ ក្នុងចំណោមសិក្ខាកាមចំនួន ៣១២នាក់។ ពិធីនេះប្រព្រឹត្តឡើងនៅទីស្នាក់ការគណៈមេធាវី ដែលមានការអញ្ជើញចូលពី សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី នាយកនិងថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិក្ខាកាមនៃវគ្គជំនាញជំនួយការមេធាវីវគ្គទី៣ផងដែរ។ លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានឡើងធ្វើរបាយការណ៍សង្ខេប ពីសកម្មភាពនៃការបណ្តុះបណ្តាលជំនាញជំនួយការមេធាវី របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ជូនដល់អង្គពិធី។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានមានមតិកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងដំណើរការនៃការបណ្តុះបណ្តាលជំនាញជំនួយការមេធាវីវគ្គទី៣ ឱ្យប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ គួរជាទីមោទនៈ។ ជាមួយគ្នានោះ លោកប្រធានបានចូលរួមអបអរសាទរ ជាមួយសិក្ខាកាមទាំង ៣០១រូប ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី សម្រាប់វគ្គទី៣ ប្រកបដោយជោគជ័យ។ លោកប្រធានបន្ថែមថា ការបង្កើតវគ្គជំនាញជំនួយការមេធាវីនេះឡើង គឺជាសមិទ្ធផលនៃទិសដៅការងាររបស់លោកប្រធាន ដែលបានដាក់ចេញ នាពេលចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ កន្លងមក ពោលគឺផែនការសកម្មភាពអាទិភាពទី១ នៃទិសដៅការងារទី២ នៃគោលនយោបាយដឹកនាំចំនួន៩ចំនុច របស់លោកប្រធាន គឺ «ការពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌ និងសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវី» ត្រូវបានអនុវត្តដោយជោគជ័យ។ ជាទីបញ្ចប់ មុនពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជ័យលាភី លោកប្រធានបានផ្តាំផ្ញើ និងផ្តល់ជាអនុសាសន៍មួយចំនួន ជូនដល់សិក្ខាកាមដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវីវគ្គទី៣ ទាំងអស់ សូមយកចំណេះជំនាញ ដែលបានសិក្សារៀនសូត្រ នាកាលកន្លងមក ទៅប្រើឱ្យចំគោលដៅ និងគោលបំណង ធ្វើយ៉ាងណាយកទៅប្រើប្រាស់ដើម្បីជួយដល់ការងាររបស់មេធាវី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសប្រសិនបើទៅថ្ងៃខាងមុខ ប្អូនៗ ឬក្មួយៗ មានឱកាសក្លាយជាមេធាវី សូមយកចំណេះដឹងនេះ ធ្វើជាដើមទុនសម្រាប់បំពេញការងារវិជ្ជាជីវៈមេធាវី ធ្វើយ៉ាងណាកុំឱ្យមានការបំពានវិធានវិជ្ជាជីវៈណាមួយ នាំឱ្យមានទណ្ឌកម្មជាបទវិន័យដល់ខ្លួន។