The Bar Association of the Kingdom of Cambodia

ព្រឹត្តិការណ៍ខាងមុខ

កិច្ចប្រជុំរៀបចំផែនការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច

កិច្ចប្រជុំរៀបចំផែនការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច

ព្រឹត្តិការណ៍
ចែករំលែក

នារសៀល ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចាត់តាំងលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជួបពិភាក្សាជាមួយនិយ័តករបរធនបាលកិច្ច តំណាងដោយលោក ណង សេរីវុធ អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ អំពីផែនការអនុវត្តអនុស្សរណៈនៃការយោគយល់រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងនិយ័តករបរធនបាលកិច្ច។ គួរបញ្ជាក់ថា ស្ថាប័នទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយបានកំណត់នូវសកម្មភាពមួយចំនួន ហើយក្នុងនោះការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច ជាទិសដៅអាទិភាព។ តាមរយៈនេះ ក្រុមការងារនៃស្ថាប័នទាំងពីរ ក៏បានជួបពិភាក្សាការងារក្នុងគោលដៅដាក់ចេញនូវផែនការសកម្មភាព ដើម្បីឱ្យការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ មានលក្ខណៈជាសត្យានុម័ត ដោយក្នុងនោះជាបឋម៖

១. និយ័តករបរធនបាលកិច្ច បានអញ្ជើញតំណាងគណៈមេធាវីចូលរួមជាវាគ្មិនក្នុងវេទិកាបរធនបាលកិច្ចដែលនឹងរៀបចំនៅក្នុងខែសីហាខាងមុខនេះ

២. គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំវេទិកាជជែកពិភាក្សាអំពីការអនុវត្តវិជ្ជាជីវៈមេធាវីក្នុងវិស័យបរធនបាលកិច្ច ដោយមានការចូលរួមជាវាគ្មិនកិតិ្តយសពីមន្ត្រីជំនាញនៃនិយ័តករបរធនបាលកិច្ច បន្ថែមពីលើសកម្មភាពខាងលើ ស្ថាប័នទាំងពីរក៏មានសុឆន្ទៈក្នុងបង្កើតកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់តាមតម្រូវការចាំបាច់ ដោយក្នុងនោះការបណ្តុះបណ្តាលគ្នាទៅវិញទៅមក ជាទិសដៅអាទិភាព។